ក្រុមបាល់ទះវិសាខា កម្រិត B បានឈ្នះជើងឯកបាល់ទះពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បន្ទាប់ពីការប្រកួតបានប្រព្រឹត្តទៅជាច្រើនថ្ងៃដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា កន្លងទៅនេះ។
ក្រុមបាល់ទះវិសាខា B បានគ្រងជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិតទល់២សិតក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នេះមានក្រុមចូលរួមចំនួន ២១ ដោយបែងចែកជា៤ពូលផ្សេងគ្នា ដោយចាប់ដំណើរការប្រកួតពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នឹងបន្តធ្វើរាល់ឆ្នាំខាងមុខទៀត ខណៈក្រុមខ្លាំងត្រឹមវគ្គ៨ក្រុមចុងក្រោយ និងក្រុមខ្លាំងផ្សេងទៀត ត្រូវបន្តប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ខាងមុខទៀត។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកថា ការប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម នេះជាការផ្តល់បច្ចេកទេស និងបទពិសោធន៍ ដ៏ល្អមួយសម្រាប់ក្រុមនានាមកពីតាមបណ្តារាជធានី-ខេត្ត។ ឯកឧត្តមបានកោតសរសើរដល់មន្ត្រីសហព័ន្ធ គណៈកម្មការរៀបចំការប្រកួត ក្រុមចូលរួមប្រកួត អ្នកឧបត្ថម្ភនានា ដែលជំរុញឱ្យការប្រកួតនេះដំណើរការទៅដោយជោគជ័យ។
ឯកឧត្តម នេត សាវឿនមានប្រសាសន៍ថា ៖«សូមក្រុមទាំងអស់កែប្រែកំហុសបច្ចេកទេស របស់ខ្លួនឱ្យបានល្អដើម្បីត្រៀមការប្រកួតក្នុងពានរង្វាន់កម្រិតខ្ពស់មួយទៀត គឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចុងឆ្នាំនេះ។ ក្រុមដែលឈ្នះជ័យលាភីត្រូវខិតខំហ្វឹកហាត់ថែមទៀត ដើម្បីប្រជែងឱកាសលើឆាកអន្តរជាតិនាពេលខាងមុខ ព្រោះថា ប្រទេសក្នុងតំបន់យើងមួយចំនួនគេមិនសប្បាយចិត្តទេពេលឃើញយើងរីកចម្រើន។ ចំណែកក្រុមដែលមិនបានជ័យលាភីសូមកុំបោះបង់ហើយខិតខំប្រឹងប្រែងថែមទៀត មិនមែនចាញ់ហើយយើងរំសាយក្រុមចោលនោះទេ។ សូមគណៈកម្មការរៀបចំការប្រកួតនិងមន្រ្តីសហព័ន្ធតាមដានរឿងនេះផង»។
ក្នុងនាមជាម្ចាស់ជើងឯកក្រុមបាល់ទះវិសាខា B ទទួលបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិការ៥០០០ដុល្លារអាមេរិក ហើយក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា ៣០០០ដុល្លារ ក្រុមលេខ៣សមាគមកីឡាបាល់ទះខេត្តសៀមរាប ទទួលបានមេដាយសំរឹទ្ធិម្នាក់១ អមដោយថវិការ ២០០០ដុល្លារ និងលេខ៤ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ទទួលបានថវិកាលើកទឹកចិត្ត ១០០០ដុល្លារ។
សម្រាប់ពានរង្វាន់ឯកត្តជនវិញកីឡាករម្នាក់ៗទទួលបានពានរង្វាន់ម្នាក់១ អមដោយថវិកាលើកទឹកចិត្ត២០០ដុល្លារ៕
អត្ថបទ៖ ពុទ្ធីគុណ