ប្រហែលជាមិនយូរប៉ុន្មានទៀតទេសម្រាប់ជើងខ្លាំងចិន Xie Wei អាចនឹងទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក បន្ទាប់ពីផ្តួលកីឡាករ Agasa ក្នុងទឹកទី២កាលពីថ្ងៃសុក្រ ទី២៨ ខែឧសភា នៅសិង្ហបុរី ។
សម្រាប់ការប្រកួតដែលព្រឹត្តទៅបានតែ២ទឹក កីឡាករឥណ្ឌាបានព្យាយាមចាប់ផ្តួលច្រើននៅទឹកទី១ ប៉ុន្តែធ្វើអ្វីមិនបានលើ Xie ដែលល្អការពារ និងចេញអាវុធឈរបានល្អ។ កីឡាករចិនរូបនេះបានព្យាយាមដាក់សម្ពាធដោយកណ្តាប់ដៃ ទាត់ និងជង្គង់ជាបន្តបន្ទាប់ដែលធ្វើឲ្យកីឡាករឥណ្ឌាព្យាយាមរត់ថយក្រោយ។
នៅចុងទឹកទៅ២ Xie បានប្រើជង្គង់ហោះបុកលើថ្ងាលរបស់ Agasa ដែលធ្វើឲ្យមានរបួសខ្លាំងធ្ងន់ធ្ងរហើយក៏ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តងនៅពេលឈប់សម្រាកទឹកទី២។ ជ័យជម្នះនេះបានផ្តល់ឲ្យរូបគេបញ្ឈប់ដៃគូលើកទី៧ក្នុងអាជីព។
វាជាជ័យជម្នះដ៏ពិសេសមួយទៀតសម្រាប់ Xie បន្ទាប់ពីបានផ្តួលអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា កាលពីខែធ្នូ ចុងឆ្នាំ២០២០។ រហូតដល់ពេលនេះ កំណត់ត្រារបស់កីឡាករចិនឈ្នះ ១៣ដង និងចាញ់៣ដង។
អ្វីដែលកាន់តែអស្ចារ្យទៀតនេះ ជ័យជម្នះលើដៃគូខ្លាំងៗជាបន្តបន្ទាប់បានផ្តល់ឲ្យរូបគេកាន់តែមានពន្លឺក្នុងការឆ្ពោះទៅរកឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ខណៈរូបគេបានប្តេជ្ញាក្លាយជាកីឡាករចិនទី១ឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក៕