សោក​ស្តាយ កូវីដចង្រៃ​បង្ខំ​ឲ្យ​វៀតណាម​លើកស៊ីហ្គេម​ចុង​ឆ្នាំ២០២១​​នេះ​​ទៅ​​២០២២​

ប្រទេស​វៀតណាម​បាន​សម្រេច​​លើក​ពេល​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​​ឆ្នាំ​២០២១​នេះ​ទៅ​​ឆ្នាំ​២០២២​ហើយ បន្ទាប់​​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​ការ​ផ្ទុះ​កូវីដ-១៩។

តាម​ការ​ប្រកាស​របស់​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាមដែលជា​ម្ចាស់​ផ្ទះ​បាន​ជូន​ដំណឹង​ពី​ការ​លើក​ពេល​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១​​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២​វិញ​។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ប្រទេស​វៀតណាម​ទើប​តែ​ប្រកាស​ថា ខ្លួន​នឹង​បន្ត​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ឆ្នាំ​នេះ​១០០​%​ដែល​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​បាន​បង្កើន​ការ​​ប្រឹង​ប្រែង​ដើម្បីហ្វឹក​ហាត់​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា ប្រទេស​វៀតណាម​ដែល​កាល​ពី​ឆ្នាំ​មុន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុង​ទប់​ស្កាត់​កូវីដ-១៩​ប្រហែល​ជា​ពីរ​ខែ​ចុង​ក្រោយ​នេះ​បាន​កំពុង​ទទួល​រង​ការ​​វាយ​ប្រហារ​ពីកូវីដ-១៩​ជា​ពិសេស​រាល​ដាល​ខ្លាំង​នៅ​តំបន់​ឧស្សាហកម្ម និង​ទី​ក្រុង​ហូជីមិញ។

ប្រការ​នេះ​ហើយ​ដែល​វៀតណាម​បង្ខំ​ចិត្ត​ផ្អាក​រៀប​ចំ​ការ​ប្រកួត។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងៗ​ទៀត​ក៏​កំពុង​ជួប​វិបត្តិ​កូវីដ-១៩​ដ៏​អាក្រក់​ផង​ដែរ​ដែល​ពិបាក​ក្នុង​ការ​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់ ក៏ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ណាស់៕

 

អត្ថបទ៖ SR

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH