តារាបាល់ទាត់ជប៉ុន Keisuke Honda បានក្លាយជាអ្នកការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៨ដែលលោកកំពុងបានយកចិត្តទុកដាក់សម្រួចក្រុមគោព្រៃកម្ពុជាឲ្យកាន់តែល្អប្រសើរ។
សម្រាប់ការប្រកួតកន្លងមកក្រោមការគ្រប់គ្រងរបស់លោក Honda ក្រុមជម្រើសជាតិកម្ពុជានៅមានលទ្ធផលបរាជ័យមិនសូវខុសប្លែកទៅនឹងគ្រូបង្វឹកមុនៗទេ ប៉ុន្តែអ្វីដែលប្លែកគឺរបៀបលេង។
ក្រុមជម្រើសជាតិកម្ពុជាលេងតាមសមត្ថភាពរបស់ខ្លួន ហានប្រថុយលេងនៅមុខទី២ ហ៊ានសម្រុកទៅមុខដើម្បីប្រយុទ្ធ និងមិនប្រើក្បួនចតឡានដើម្បីការពារភាគច្រើននោះទេ។ ជាពិសេសចុងក្រោយនេះ ផ្តល់ឱកាសឲ្យកីឡាករក្មេងៗច្រើនបានលេងដែលពួកគេត្រូវលេងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអនាគតជម្រើសជាតិលេចធ្លោ បន្ទាប់ពីកីឡាកររៀមច្បងកាន់តែចាស់។
យ៉ាងណា ងាកមកមើលការបង្វឹកហាត់របស់ខ្លួនវិញត្រូវបានគេមើលឃើញថា រាល់ពេលដែលលោក Keisuke Honda ស្ថិតនៅជាមួយជម្រើសជាតិកម្ពុជា លោកតែងតែចូលរួមហ្វឹកហាត់ផ្ទាល់ជាមួយក្រុមតែម្តង។ ប្រការនេះមានន័យថា លោកផ្តល់ទាំងចំណេះដឹងផ្នែកបច្ចេកទេស និងអនុវត្តផ្ទាល់ជាមួយកីឡាករដែលអាចបង្កលក្ខណៈងាយស្រួលដល់ក្រុមចាប់បាននូវបច្ចេកទេ យុទ្ធសាស្ត្រ ក៏ដូចតិចនិក ពីព្រោះលោកក៏នៅជាកីឡាករអាជីពដែលមិនទាន់ចូលនិវត្តន៍។
តាមរយៈការបង្ហោះសារ និងរូបភាពរបស់កីឡាករមួយចំនួនដែលកំពុងហ្វឹកហាត់នៅប្រទេសបារ៉ែនបង្ហាញឲ្យឃើញថា ក្រុមជម្រើសជាតិរួមទាំងអ្នកចាត់ការបានបែងចែកគ្នាជាក្រុមដើម្បីហ្វឹកហាត់។ នេះមានន័យថា លោក Honda បានចូលរួមអនុវត្តផ្ទាល់តែម្តង។
ទោះបីជាយ៉ាងណា លោកមិនមែនស្ថិតនៅជាមួយក្រុមជម្រើសជាតិកម្ពុជាគ្រប់ពេលវេលានៃការហ្វឹកហាត់ទេ ពីព្រោះលោកក៏មានជាប់កាតព្វកិច្ចលេងឲ្យក្រុមអាជីព Neftçi នៅក្របខណ្ឌលីគកំពូលរបស់ប្រទេសអាស៊ែបៃហ្សង់ដែរ៕
អត្ថបទ៖ SR
ប្រភពរូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា