បែបបានលុយស្រួល តារាយូធូប Pual ចង់វ៉ៃជា​មួយ Mike Tyson បន្ទាប់

តារាយូធូប Logan Paul បានបញ្ជាក់ថា អតីតកំពូលអ្នកប្រដាល់ទម្ងន់យក្ស Mike Tyson ស្ថិតនៅក្នុងបញ្ជីដៃគូរបស់ខ្លួន បន្ទាប់ពីរូបគេត្រូវ​បានអតីតជើងឯកពិភពលោកប្រដាល់របស់អាមេរិកព្យាករ​ថា​ Floyd Mayweather នឹងបំផ្លាញរូបគេមុនពេលរូបគេប្រកួតជាមួយ។


(Mike Tyson និង Logan Paul)

តារាយូធូបអាយុ២៦ឆ្នាំបានធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលរូបគេបានតទល់ជាមួយកំពូលអ្នកប្រដាល់មិនដែលចាញ់ Mayweather ៨ទឹកពេញនៅសង្វៀន Hard Rock ក្នុងទីក្រុងម៉ៃអាមី រដ្ឋហ្លរីដា សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ។


(តារា​យូធូប Logan Paul)

សម្រាប់ការប្រកួតពេញ៨ទឹកនោះបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ដោយសារគ្មានចៅក្រមកាត់សេចក្តី ហើយលក្ខន្តិកៈគឺទាល់តែមានម្នាក់ផ្តួលដៃគូឲ្យសន្លប់ទើបរកឃើញអ្នកឈ្នះ។


(លោក Mike Tyson ចូល​ហាត់​វិញ)

ទោះបីជាយ៉ាងណា អ្នកមើលទូទាំងពិភពលោក និងអ្នកជំនាញប្រដាល់ជាច្រើនគិតថា ការប្រកួតរបស់ Logan Paul និង Mayweather គ្រាន់តែឡើងសម្តែងដើម្បីចែកលុយគ្នាចាយតែប៉ុណ្ណោះ។ ថ្វីបើការប្រកួតរវាងអ្នកជំនាញសកលពិតប្រាកដ និងតារាយូធូជាការសម្តែង ប៉ុន្តែនៅមានមនុស្សជាច្រើនទិញសំបុត្រតម្លៃរាប់រយដុល្លារចូលទស្សនា និងទិញមើលតាមអនឡាញថែមទៀត។


(Pual ប្រកួត​ជា​មួយ Floyd)

និយាយបន្ទាប់ពីការប្រកួតជាមួយ Mayweather រួច តារាយូធូប Paul បានបង្ហាញថា រូបគេបានធ្វើបញ្ជីឈ្មោះអ្នករាល់គ្នារួចហើយដែលនិយាយ ឬព្យាករថា «ខ្ញុំនឹងចាញ់ Mayweather»។


(Pual ប្រកួត​ជា​មួយ Floyd)

សម្រាប់បញ្ជីអ្នកទាំងនោះ ត្រូវបានតារាយូធូប Paul និយាយថា រូបគេមាន​ Tyson ដែលនិយាយថា រូបគេនឹងត្រូវ Mayweather កំទេច។


(Pual ប្រកួត​ជា​មួយ Floyd)

«ខ្ញុំបានធ្វើបញ្ជីមួយសម្រាប់នរណាដែលនិយាយថា Floyd នឹងបំផ្លាញខ្ញុំ។ ខ្ញុំនឹងផុសវា អ្នកទាំងអស់គ្នាចាំមើលទៅ។ Mike Tyson មាននៅក្នុងបញ្ជីនេះដែ។ ខ្ញុំចង់ជួប Mike Tyson»។


(Pual ប្រកួត​ជា​មួយ Floyd)

ការ​ប្រកួតជាមួយ Mayweather តារាយូធូប Paul ទទួលបានប្រាក់ច្រើនគួរសមដែរគឺជិត២០លានដុល្លារអាមេរិក ដូច្នេះរូបគេប្រហែលជាចង់ប្រឡូកលើសង្វៀនដើម្បីរកប្រាក់ទៀត។ ចំណែកជើងខ្លាំងមិនដែលចាញ់រហស្សនាម«បុរសមុខលុយ»ត្រូវគេរំពឹងថាទទួលបានប្រហែល១០០លានដុល្លារអាមេរិក។


(Mike Tyson ប្រកួត​ជា​មួយ Roy Jones)

ទោះ​ជា​យ៉ាង​ណា បើ​ប៉ះ​គ្នា​មែន ក៏​ជា​ការ​លំបាក​សម្រាប់ Mike Tyson ដែរ ពី​ព្រោះ​គាត់​អាយុ​ជាង​៥០​ឆ្នាំ​ហើយ ខណៈ​តារា​យូធូប​ទើប​តែ​អាយុ​២៦​ឆ្នាំ​ប៉ុណ្ណោះ៕


(Mike Tyson ប្រកួត​ជា​មួយ Roy Jones)

ប្រភព៖ talksport

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH