Harry Kane ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស បានប្រាប់ដល់ក្លិប Tottenham Hotspur ថាខ្លួនចង់ចាកចេញ នៅចប់រដូវកាលនេះហើយ។
កីឡាករវ័យ២៧ឆ្នាំ បានខកចិត្តជាមួយ Spurs ដែលមិនអាចប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតបាន ដូចជាការប្រជែងពាន Premier League ហើយថែមទាំងអស់កៅអីទៅលេង UEFA Champions League នៅរដូវកាលក្រោយទៀត។ លោក Daniel Levy ប្រធានក្លិប Spurs នឹងកំណត់ថ្លៃលក់តារាឆ្នើមរូបនេះខ្ពស់បំផុតមួយ ដោយសារកិច្ចសន្យារបស់គេត្រូវចប់ដល់ឆ្នាំ២០២៤ ខណៈដែលពេលនេះ Manchester United, Manchester City និង Chelsea កំពុងប្រជែងគ្នាចង់បាន។
Kane ស៊ុតបាន ២២គ្រាប់នៅ Premier League រដូវកាលនេះ ដែលជាចំនួនខ្ពស់ជាងគេបំផុតស្មើនឹង Mohamed Salah របស់ក្រុម Liverpool។ ជាងនោះទៅទៀត កីឡាកររូបនេះ ស៊ុតសរុបបាន ៣២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត (Assist) បាន ១៦ដង ក្នុងការបង្ហាញខ្លួន ៤៧ប្រកួត ឲ្យ Spurs គ្រប់កម្មវិធីប្រកួតរដូវកាលនេះ ដែលធ្វើឲ្យគេស្ថិតក្នុងចំណាត់ថ្នាក់ ចំណោមខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោកផងដែរ៕
ប្រភព៖ Goal