ប្រពន្ធ និងកូនស្រីពីរនាក់របស់អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាកចេញពីប្រទេសកម្ពុជាហើយកាលយប់ថ្ងៃសុក្រទី១១ មិថុនា កន្លងទៅនេះដើម្បីទៅរស់នៅនិងសិក្សានៅប្រទេសបារាំង ប៉ុន្តែ រតនា មិនទាន់អមដំណើរទៅជាមួយគ្នានោះទេ។
កីឡាករដែលចេះក្បាចប្រដាល់បុរាណ, យុទ្ធគុនខម, និង គុនចម្រុះបានថ្លែងថា ៖«ប្រពន្ធខ្ញុំ និងកូនស្រីពីរនាក់របស់ខ្ញុំនឹងទៅរស់នៅបារាំងមុនខ្ញុំបង។ ខ្ញុំវិញប្រហែលមួយឆ្នាំទៀតទើបទៅរស់នៅជាមួយពួកគាត់តាមក្រោយ ព្រោះនៅធ្វើកិច្ចការងារនៅស្រុកខ្មែរមួយចំនួនសិន។ ប៉ុន្តែ អ្វីៗត្រូវរង់ចាំមើលស្ថានភាពជាក់ស្ដែង»។
ដោយសារមានគម្រោងទៅរស់នៅប្រទេសបារាំងដែលជាស្រុកកំណើតរបស់ប្រពន្ធ ម្ចាស់ក្លិប «សិល្បៈ» ក៏បានរៀនភាសាបារាំងតាំងពីដើមឆ្នាំ២០២០ មកម៉្លេះ ហើយរាល់ថ្ងៃនេះរូបគេក៏រៀនភាសាបារាំងតាមអនឡាញផងដែរ។ បុរសវ័យ ៣៥ ឆ្នាំរៀនភាសាបារាំងពីគ្រូនៅមជ្ឈមណ្ឌលភាសាបារាំងក្បែរវត្តកោះ (កាលមិនទាន់កូវីដ-១៩ផ្ទុះទៅរៀនផ្ទាល់)។
ចាន់ រតនាបានគូសបញ្ជាក់កន្លងទៅថា ៖«ខ្ញុំរៀនភាសាបារាំងព្រោះប្រពន្ធខ្ញុំជាជនជាតិបារាំង។ ខ្ញុំមិនធ្លាប់រៀនបារាំងទេពីមុនទេ។ ខ្ញុំចង់ចេះដើម្បីទំនាក់ទំនងផង ហើយនៅថ្ងៃអនាគតខាងមុខ ខ្ញុំអាចទៅរស់នៅប្រទេសបារាំងមួយរយៈជាមួយគ្រួសាររបស់ខ្ញុំ»។
កាលពីពាក់កណ្ដាលខែឧសា អ្នកស្រី Cindy Coupon ក៏បានសរសេរលើ Facebook របស់ខ្លួនថាអ្នកស្រីមានផែនការចេញទៅរស់នៅប្រទេសបារាំងវិញ បន្ទាប់ពីមករួមរស់នៅស្រុកខ្មែរអស់រយៈពេល១៨ ឆ្នាំមកហើយ។
ចាន់ រតនា បានគិតរួចហើយថា បើសិនជាខ្លួនទៅរស់នៅប្រទេសបារាំង ក៏ខ្លួននៅអាចត្រលប់មកប្រកួតនៅសង្វៀន ONE ជាធម្មតា ដូចមាននៅកុងត្រាអីចឹង។ ពេលទៅដល់ទីនោះ គេអាចនឹងស្វែងរកទីតាំងសមស្របមួយដើម្បីបើកក្លិបនៅប្រទេសបារាំង និង ត្រូវចំណាយពេលខ្លះដើម្បីសិក្សា និងពិចារណាក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរនៅបារាំងផង។
គួរដឹងថា ម្ចាស់ក្លិបសិល្បៈប្រលូកក្នុងសង្វៀនគុនចម្រុះបានចំនួន ១១ ដងក្នុងនោះឈ្នះ ៧ ដងនិងចាញ់ ៤ដង។ គេជាកីឡាករខ្មែរតែម្នាក់គត់ដែលឈ្នះ ៣ លើកនៅសង្វៀន ONE មុនពេលចាញ់កីឡាករចិន Xie Wei កាលខែធ្នូ ឆ្នាំ ២០២០៕
ដោយ SR