ក្លិបយក្សនៅអ៊ីតាលី AC Milan កំពុងពិចារណាដំឡើងខ្សែការពារ Simon Kjaer ឲ្យធ្វើជាប្រធានក្រុមសម្រាប់រដូវកាលថ្មី ក្រោយប្រធានក្រុមដាណឺម៉ាករូបនេះជួយសង្ក្រោះជីវិតរបស់ខ្សែបម្រើមិត្តរួមក្រុម Eriksen ដែលដួលនៅលើទីលានកាលប៉ះហ្វាំងឡង់នៅ Euro 2020 នាថ្ងៃសៅរ៍។ គេជាកីឡាម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀតទៅជួយមិត្តរួមក្រុមយ៉ាងដុតដៃដុតជើង។
បុរសវ័យ៣២ ឆ្នាំ បានរត់ទៅជួយ Eriksen មិនឲ្យខាំអណ្ដាត រហូតដល់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ផ្នែកបេះដូងមកដល់។ អ្នកគាំទ្ររបស់ Milan ជាច្រើនបានសរសើរដល់ Kjaer អំពីទង្វើល្អនេះនិងគាំទ្រសម្រាប់ស្លាកប្រធានក្រុម។ ចំណែកសារព័ត៌មាន La Gazzetta dello Sport បានរាយការណ៍ថាក្លិប និងគ្រូបង្វឹក Stefano Pioli នឹងពិភាក្សាស្លាកប្រធានក្រុម ហើយ Kjaer ជាមនុស្សសំខាន់ម្នាក់ដែលត្រូវបានគិតគូរ។
បច្ចុប្បន្ននេះខ្សែការពារ Alessio Romagnoli ជាប្រធានក្រុមរបស់ក្លិប ប៉ុន្តែ កីឡាកររូបនេះមិនសូវបានលេងប៉ុន្មានក្រោមការបង្វឹករបស់លោក Pioli។
ចំណែក Franck Kessie និង Davide Calabria ក៏ជាបេក្ខភាពប្រធានក្រុមផងដែរ។ ប៉ុន្តែវីរបុរសសង្គ្រោះជីវិត Kjaer ត្រូវបានអ្នកគាំទ្រពេញចិត្តពេញថ្លើមយ៉ាងច្រើនជាង។
ខ្សែការពាររូបនេះបំពេញកាតព្វកិច្ចជាប្រធានក្រុមដាណឺម៉ាកបានល្អណាស់ និងបានចូលទៅលួងលោមប្រពន្ធរបស់ Eriksen ទៀតផង។ អតីតខ្សែការពារ Sevilla ក៏ផ្ដួចផ្ដើមគំនិតឈរជាជួយជុំវិញ Eriksen ដើម្បីរក្សាឯកជនភាពដោយមិនឲ្យកាមេរ៉ាថតមិត្តរួមក្រុមដែលកំពុងដួលនោះទេ។
ប្រភព៖ sportbible