រដ្ឋាភិបាលចក្រភពអង់គ្លេសបានថ្លែងថាអ្នកចូលរួមទស្សនានៅកីឡដ្ឋាន Wembley នឹងត្រូវបង្កើនរហូតដល់ ៦០,០០០ នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2020 ហើយចំនួននេះមានន័យថាកីឡដ្ឋាន Wembley អនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទស្សនារហូតដល់ ៧៥% ឯណោះ។
លោក Aleksander Ceferin ប្រធាន UEFA បានមានប្រសាសន៍ថា៖«វាពិតជាដំណឹងដ៏អស្ចារ្យដែលអ្នកគាំទ្រជាច្រើននឹងអាចទស្សនាការប្រកួត ៣ លើកចុងក្រោយក្នុងព្រឹត្តិការណ៍ Euro 2020 នៅកីឡដ្ឋាន Wembley»។
ដំបូងឡើយកីឡដ្ឋាន Wembley របស់ប្រទេសអង់គ្លេស អនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាត្រឹមតែ ២២,៥០០ នាក់ប៉ុណ្ណោះនៅក្នុងវគ្គជម្រុះក្នុងពូល និងបង្កើនរហូតដល់ ៤៥,០០០ នាក់ ឬអាចហៅថា ៥០% នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយចំនួន ២ប្រកួត។ ដោយឡែកនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ៦-៧ ខែកក្កដា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១១ ខែកក្កដា នឹងកើតឡើងរហូតដល់ ៧៥% ពោលគឺ ៦០,០០០ នាក់។
លោក Aleksander Ceferin ប្រធាន UEFA បានគូសបញ្ជាក់ថា៖«ការប្រកួតនេះគឺជាពន្លឺនៃក្តីសង្ឃឹមដើម្បីធានាដល់អ្នកគាំទ្រថាយើងនឹងអាចវិលត្រឡប់ទៅរករបៀបរស់នៅធម្មតាឡើងវិញសាជាថ្មី ហើយនេះគឺជាជំហានថ្មីមួយទៀតដែរយើងអាចសម្រេចបាន។ ហើយខ្ញុំសូមថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលចក្រភពអង់គ្លេសដែលបានខិតខំប្រឹងប្រែងក្នុងការបញ្ចប់ការរៀបចំទាំងនេះជាមួយយើងដើម្បីធ្វើឱ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រទទួលបានជោគជ័យយ៉ាងខ្លាំងនៅកីឡដ្ឋាន Wembley»។
អ្នកគាំទ្រដែលអាចចូលរួមការប្រកួតនៅ Wembley បាននឹងត្រូវអនុវត្តតាមលក្ខខណ្ឌដូចជាការធ្វើតេស្តកូវីដ-១៩ និងបង្ហាញឯកសារនៃការចាក់វ៉ាក់សាំងពេញលេញដែលមានន័យថាការចាក់វ៉ាក់សាំងចំនួនពីរដងគឺរយៈពេល ១៤ ថ្ងៃមុនពេលការប្រកួតដែលពួកគេចូលរួមទស្សន៕
ប្រភព៖ BBC