ខ្សែប្រយុទ្ធប្រធានក្រុម Cristiano Ronaldo ស្មើកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលរកបាន ១០៩ ឲ្យក្រុមជម្រើសជាតិ និងជាចំនួនគ្រាប់ច្រើនបំផុតជាងកីឡាករណាៗទាំងអស់ដែលលេងឲ្យក្រុមក្រុមជម្រើសជាតិនាពេលកន្លងមក។
ការស្មើកំណត់ត្រានេះ បន្ទាប់ពីររូបគេរកបាន ២ គ្រាប់ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រយប់មិញពេលក្រុមព័រទុយហ្គាល់ស្មើបារាំង ២-២ និងរួមចំណែកជួយឲ្យក្រុមឡើងវគ្គ ១៦ ក្រុមចុងក្រោយដ៏សំខាន់បំផុត។ ព័រទុយហ្គាល់ ឡើងទៅជួប បែលហ្សិក នៅថ្ងៃទី ២៨ មិថុនា ខាងមុខ នៅកីឡដ្ឋាន La Cartuja Stadium ក្រុង Seville របស់ ប្រទេស អេស្ប៉ាញ។
ដូច្នេះ Ronaldo ត្រូវការតែ ១ គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រារបស់ Ali ខណៈដែលក្រុមមានភារកិច្ចលេងនៅវគ្គ ១៦ ក្រុមក្នុងនាមក្រុមលេខ៣ ដូចកាលឆ្នាំ ២០១៦ ដែរ។
ពីរគ្រាប់យប់មិញនាំឲ្យ Ronaldo កើនគ្រាប់បាល់ ៥ គ្រាប់នៅ Euro 2020 និងជាកីឡាករដែលរកគ្រាប់បាល់គ្រប់ការប្រកួតក្នុងវគ្គចែកពូល។ លើសពីនេះ គេបញ្ជូនបាល់ឲ្យដៃគូស៊ុត ១ លើកផងដែរក្នុងការលេង ២៧០ ពេញក្នុង ៣ ប្រកួតកន្លងមក។
ប្រភព៖ NDTV