ការប្រកួតដណ្តើមខ្សែក្រវាត់គោជល់រដូវកាលចុងក្រោយនេះបានបញ្ចប់ទៅហើយកាលពីថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ដោយជើងខ្លាំង ម៉ឺន មេឃា បានក្លាយជាជើងឯក បន្ទាប់ពីឈ្នះពិន្ទុ ឈុត សេរីវ៉ាន់ថង។
(ម៉ឺន មេឃា ក្រោយប្រកាសលទ្ធផល)
ទោះបីជាយ៉ាងណា ការផ្តល់ពិន្ទុឲ្យ ម៉ឺន មេឃា ឈ្នះ ឈុត សេរីវ៉ាន់ថង បានធ្វើឲ្យអ្នកគាំទ្រដែលស្រឡាញ់កីឡាកររៀងៗខ្លួន ឬការយល់ឃើញការប្រកួតលើសង្វៀនរៀងៗខ្លួនមិនពេញចិត្តទេ។ នៅតាមបណ្តាញទំនាក់ទំនងសង្គមប្រហែលជាពីរថ្ងៃចុងក្រោយនេះមានរិះគន់ខ្លាំងពាក់ព័ន្ធនឹងលទ្ធផល ក្នុងនោះមិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះ មានទាំងអតីតកីឡាករ និងអ្នកជំនាញផ្នែកកីឡាប្រដាល់ទៀតផង។
(ឈុត សេរីវ៉ាន់ថង ក្រោយដឹងលទ្ធផល)
ការពិត៥ទឹកនៅលើសង្វៀនបង្ហាញឲ្យឃើញមានចំណុចពិសេសរៀងៗខ្លួនរបស់កីឡាករទាំងពីរ។ ឈុត សេរីវ៉ាន់ម៉ា ឡើងសង្វៀនលើកនេះពេញដោយកម្លាំងថាមពល និងកម្លាំងចិត្ត។ របៀបនៃការវ៉ៃមុះមុត អង់អាច និងក្លាហានជាងមុនដែលផ្ទុយពីទម្លាប់របស់គេកន្លងមកដែលព្យាយាមថយក្រោយ ការពារ និងវ៉ៃសង។
(ការប្រគល់រង្វាន់)
ជាមួយស្មារតីប្រយុទ្ធពោរពេញជំនឿចិត្តនេះ សេរីវ៉ាន់ថង ក៏បានចេញអាវុធបានល្អដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តច្រើនចំពោះរបៀបវ៉ៃថ្មី។ យ៉ាងណាអាចនិយាយថា អាវុធចេញច្រើន ប៉ុន្តែមិនប្រាកដថា ត្រូវចំគោលទាំងអស់នោះដែរ។
(ការប្រគល់រង្វាន់)
ចំណែក ម៉ឺន មេឃា ដែលធ្លាប់ សេរីវ៉ាន់ថង កាលនៅក្នុងវគ្គសន្សំពិន្ទុ បានព្យាយាមការពារ និងវ៉ៃសងវិញរៀងច្បាស់កណ្តាប់ដៃ ព្រមជាមួយនឹងទាត់។ ប្រការវ៉ៃចំគោលដៅ និងច្បាស់ជាងអាចកត្តាចម្បងដែលចៅក្រមកាត់សេចក្តីឲ្យឈ្នះ។
(ការប្រគល់រង្វាន់)
ទោះបីជាយ៉ាងណា មេឃា ហាក់ដូចជាចាញ់ប្រៀបខាងជង្គង់ និងស្មារតីប្រយុទ្ធថយក្រោយតិចតួច និងការពារច្រើន។ ការវ៉ៃសងនេះហើយដែលធ្វើឲ្យរូបគេរកពិន្ទុបាននៅពេលដៃគូភ្លេចការពារដោយសារព្យាយាមវ៉ៃសម្រុក។
ជារួមគ្នានេះ អ្នកទាំងពីរធ្វើបានល្អដូចគ្នា និងដើម្បីប្រដាល់គុនខ្មែរទាំងអស់គ្នា។
សម្រាប់ជ័យជម្នះនេះ ម៉ឺន មេឃា ទទួលបានខ្សែក្រវាត់ និងប្រាក់រង្វាន់៥ពាន់ដុល្លារអាមេរិក ហើយមានកាតព្វកិច្ចបន្តទៅប្រកួតដណ្តើមខ្សែក្រវាត់ដែលមានប្រាក់រង្វាន់៥ពាន់ដុល្លារអាមេរិកជាមួយ ឃីម បូរ៉ា ដែលរូបគេធ្លាប់ចាញ់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ម្តងហើយ។
ជើងឯកប៉ះជើងឯក អ្នកឈ្នះនឹងក្លាយជាកំពូលជើងឯក។ ចំមើល ម៉ឺន មេឃា អាចយកឈ្នះ ឃីម បូរ៉ា តារាប្រដាល់កម្រចាញ់តេ?
(ការប្រគល់រង្វាន់)
អត្ថបទ៖ SR