ម្ចាស់ផ្ទះ វៀតណាមបានសម្រេចលើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២១នេះទៅឆ្នាំ២០២២ហើយ បន្ទាប់ពីបានដាក់សំណើរពន្យាទៅកាន់ប្រទេសជាសមាជិកអាស៊ានកាលពីខែមុន។
យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាម Zoom បញ្ចប់នាម៉ោង៣រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយមាន២ចំណុចសំខាន់ៗ រួមមាន៖ ១-SEA Games នៅវៀតណាមមិនរៀបចំ ឆ្នាំ២០២១ នេះទេ ដោយការឯកភាពជាឯកច្ឆ័ន។
២-SEA Games នៅវៀតណាម ឯកភាពគ្នាចំនួន១០ប្រទេស រួមទាំងម្ចាស់ផ្ទះអូឡាំពិកវៀតណាម បានលើកទៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ប៉ុន្តែអូឡាំពិកវៀតណាមត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃឲ្យបានច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
ប្រទេសវៀតណាមប្រហែលជាជិតពីរខែចុងក្រោយនេះរងការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ប៉ុន្តែប្រៀបធៀបជាមួយនឹងប្រទេសអាស៊ានមួយចំនួនគឺស្រាលជាង។ ប៉ុន្តែវៀតណាមអាចនឹងឈានទៅរកកាន់តែធ្ងន់ធ្ងរ ខណៈទីក្រុងហូជីមិញមានសេចក្តីរាយការណ៍ថា កូវីដបានរាលដាលពេញទីក្រុងហើយ សូម្បីតែពន្ធនាគារក៏ឆ្លងដែរ៕