Harry Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេស បានលើកឡើងថា ការដែលចាញ់បាល់ប៉េណាល់ទីកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឲ្យកីឡាករទាំងអស់ឈឺចាប់មួយជីវិត ក្នុងនាមជាកីឡាករ បន្ទាប់ពីពួកគេចាញ់អ៊ីតាលី ធ្វើឲ្យបាត់ឱកាសឈ្នះពានជាលើកដំបូង គិតតាំងពីឆ្នាំ១៩៦៦ មក។
ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur បានប្រាប់ដល់ BBC One ថា៖ “ខ្ញុំមិនអាចផ្តល់នូវអ្វីច្រើនជាងនេះ។គ្រប់គ្នាក៏មិនអាចផ្តល់អ្វីជាងនេះ។ បរាជ័យប៉េណាល់ទី គឺជាអារម្មណ៍ដ៏យ៉ាប់យ៉ឺនបំផុតនៅលើពិភពលោក។ វាមិនមែនជាយប់របស់យើង ប៉ុន្តែវាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយយើងគួរតែតាំងស្មារតីឡើងវិញ”។
“ប្រាកដណាស់ វានឹងធ្វើឲ្យយើងឈឺចាប់នៅពេលនេះ។ វានឹងឈឺចាប់មួយរយៈពេល ប៉ុន្តែយើងកំពុងដើរលើផ្លូវវិជ្ជមាន និងកំពុងអភិវឌ្ឍន៍ទៅមុខ។ សង្ឃឹមថាយើងនឹងបន្តដំណើរកាន់តែប្រសើរចាប់ពីឆ្នាំក្រោយតទៅ។ យើងគួរតែមានមោទនភាពសម្រាប់ក្រុមរបស់យើង នូវអ្វីដែលពួកយើងសម្រេចបាន។ យើងទាំងអស់គ្នាសុទ្ធតែចង់ឈ្នះ ដូច្នេះវានឹងធ្វើឲ្យយើងឈឺចាប់ពេញមួយជីវិតជាកីឡាករ ប៉ុន្តែនេះជាបាល់ទាត់”។ Kane បានបញ្ជាក់៕
ប្រភព៖ Goal