ការប្រកួតរវាងជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា និង ថៃ រិទ្ធី បានដំណើរការត្រឹមតែ៣ទឹកប៉ុណ្ណោះ ប៉ុន្តែទទួលបានការកោតសរសើរខ្លាំងពីអ្នកគាំទ្រ និងថ្នាក់ដឹកនាំ។
ការប្រកួតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកទាំងពីរគ្រាន់តែស្ទាបស្ទងគ្នាប៉ុណ្ណោះក្នុងទឹកទី១ ប៉ុន្តែចូលទឹកទី២ ពួកគេបានចាប់ផ្តើមបើកការវាយសម្រុកតែម្តង។ នៅទឹកទី២ឃើញថា ធឿន ធារ៉ា ដែលល្បីខាងប្រើកែងនោះមិនបានប្រើកណ្តាប់ដៃលើមុខ ថៃ រិទ្ធី ធ្វើឲ្យស្រុតដែរ ប៉ុន្តែ ថៃ រិទ្ធី ទប់ទល់បាន ហើយក៏វ៉ៃកណ្តាប់ដៃផ្ទួនៗវិញដែរ។
នៅទឹកទី២ ក្រៅពីកណ្តាប់ដៃមើលទៅគ្រោះថ្នាក់ ក៏អ្នកទាំងពីរបានទាត់ទៅវិញទៅមកដែលមើលទៅធ្ងន់ៗ។ យ៉ាងណា បើតាមអ្នកទស្សនាប្រហែលជាគិតថា ធឿន ធារ៉ា មានប្រៀបតិចតួចដោយសារប្រើកណ្តាប់ដៃបានល្អ។
ចូលទឹកទី៣ ថៃ រិទ្ធី ចាប់ផ្តើមវ៉ៃកណ្តាប់ដៃសន្ធាប់ ខណៈ ធឿន ធារ៉ា ចាប់ផ្តើមកែងមើលទៅសាហាវៗ។ ព្រមជាមួយនឹងប្រើកណ្តាប់ដៃ ថៃ រិទ្ធី ក៏បានប្តូរកែងជាមួយ ធារ៉ា ដែរ ដោយសារនៅកៀកមិនអាចចេញកណ្តាប់ដៃបានល្អ ដូច្នេះមានតែប្តូរកែង។
តាមរយៈការសម្រុកចូលវ៉ៃកែងបានធ្វើឲ្យ ធឿន ធារ៉ា ខ្វះចន្លោះក្នុងការការពារដែលជាហេតុធ្វើឲ្យ ថៃ រិទ្ធី មានចន្លោះវ៉ៃកែងចំពេញៗមុខ។ ដោយសារទ្រាំទ្រលែងបាន ធារ៉ា បានដួលស្រឹប មើលទៅមុខបែកឈាម សន្លប់ឈឹងតែម្តង។
ពេលសម្រុកខ្លាំងក្នុងទឹកទី២ ថៃ រិទ្ធី មើលទៅរាងថយកម្លាំង ដូច្នេះរូបគេមិនសម្រុកចូលទេគឺថយក្រោយ និងការពារ ប៉ុន្តែ ធារ៉ា នៅតែមិនទប់កម្លាំងឡើយពោលគឺចូលវ៉ៃទទាល់តែដួលសន្លប់ខ្លួនឯង។ ប្រការនេះ អ្នកគាំទ្រគិតថា ប្រសិនបើ ធឿន ធារ៉ា វ៉ៃមួយៗតាមបច្ចេកទេសរហូតចប់ទឹកទី៥អាចឈ្នះ ពីព្រោះថៃ រិទ្ធិ ថយចុះកម្លាំងហើយ។
តាមរយៈការប្រកួតដ៏អស្ចារ្យដែលជាជំនួបលើកទី១សម្រាប់អ្នកទាំងពីរ អ្នកគាំទ្រពិតជាកោតសរសើរយ៉ាងខ្លាំងដែលអ្នកទាំងពីរវ៉ៃគ្នាគ្មានលាក់ទុកអ្វីទាំងអស់។ សូម្បីតែលោកនាង ស៊ី វុត្ថា ប្រធានកម្មវិធីប្រដាល់ទូរទស្សន៍បាយ័នក៏សរសើរយ៉ាងខ្លាំង និងចាត់ទុកជាគូប្រកួតល្អផ្តាច់គេក្នុងចំណោមប្រកួតរាប់ពាន់ក្នុងឆ្នាំ២០២១នេះ។
ជាពិសេសទៀតនោះ អ្នកគាំទ្របានសំណូមពរឲ្យកម្មវិធីរៀបចំឲ្យអ្នកទាំងពីរជួបគ្នាសាថ្មី។ សូមបញ្ជាក់ថា ថៃ រិទ្ធី មួយរយៈពេលចុងក្រោយនេះកើនឡើងសមត្ថភាពយ៉ាងខ្លាំងពោលគឺទម្ងន់កាន់តែធ្ងន់ សមត្ថភាពកាន់តែខ្លាំង ហើយជើងខ្លាំងជាច្រើននាក់បានសន្លប់ក្រោមកណ្តាប់ដៃរបស់គេរាប់ទាំង ឡៅ ចិន្ទ្រា ម្នាក់ផង៕