Chelsea នឹងត្រូវចំណាយថ្លៃផ្ទេរដ៏ធំសម្បើម ១០០ លានផោនដើម្បីចុះហត្ថលេខាលើកីឡាករ Declan Rice ពីក្លិប West Ham នៅរដូវក្តៅនេះ។
កីឡាករវ័យ ២២ ឆ្នាំមានទំនាក់ទំនងជាយូរមកហើយសម្រាប់ការវិលត្រលប់ទៅកាន់ Chelsea ដែលត្រូវបានក្លិបបណ្តេញចេញនៅអាយុ ១៤ ឆ្នាំ ហើយមិនទាន់បន្តកិច្ចសន្យា West Ham នៅឡើយទេ។
ប៉ុន្តែកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Rice ដំណើរការរហូតដល់ឆ្នាំ២០២៤ ហើយក្រុមរបស់លោក David Moyes មិនមានបំណងលក់តារាឆ្នើមរបស់ពួកគេក្នុងតម្លៃថោកនោះទេ ដោយកាសែត The Athletic បានរាយការណ៍ថាញញួរធំនឹងទាមទារតម្លៃ ១០០ លានផោន។
Manchester United ក៏ចាប់អារម្មណ៍លើ Rice ប៉ុន្តែទំនងជាមិនហ៊ានចំណាយខ្ពស់នោះទេដោយសារយល់ព្រមលើកិច្ចសន្យា ៧៣ លានផោនក្នុងការនាំយក Jadon Sancho។
Rice ដែលបានចាប់ផ្តើមជម្រើសដំបូងគ្រប់ការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស នៅពានរង្វាន់ Euro 2020 ត្រូវបានគេគិតថាចង់ផ្លាស់ទៅ Stamford Bridge នាពេលអនាគត។
West Ham គឺជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Tammy Abraham របស់ Chelsea ស្របពេលរបាយការណ៍អះអាងថា ក្រុមតោខៀវអាចប្រើខ្សែប្រយុទ្ធរូបនេះដើម្បីរក្សាទម្ងន់ក្នុងដេញថ្លៃនាំយក Rice។
Abraham មានតម្លៃ ៤០ លានផោន ហើយអាចនឹងបញ្ចុះតម្លៃផ្ទេររបស់ខ្សែបម្រើ Rice។
Rice ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមញញួរធំ ឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Europa League កាលពីរដូវកាលមុន ហើយលោក David Moyes បានបញ្ជាក់យ៉ាងច្បាស់ថាខ្សែបម្រើរូបនេះមានតួនាទីសំខាន់ក្នុងយុទ្ធនាការពានរង្វាន់អឺរ៉ុបដែលនឹងមកដល់។
លោកបាននិយាយនៅចុងបញ្ចប់នៃរដូវកាលមុនថា៖«យើងទើបតែមានលក្ខណៈគ្រប់គ្រាន់សម្រាប់ពានរង្វាន់អឺរ៉ុប។ វាគឺជាសមិទ្ធិផលដ៏អស្ចារ្យ»។
«Declan គឺជាផ្នែកដ៏ធំមួយនៃរឿងនោះ ហើយយើងចង់ឲ្យគាត់ក្លាយជាផ្នែកដ៏ធំមួយនៃអ្វីដែលយើងធ្វើនៅឆ្នាំក្រោយ»។
«ខ្ញុំមិនគិតថា (ម្ចាស់ក្លិប) លោក David Sullivan និងលោក David Gold ឬខ្ញុំផ្ទាល់មានបំណងចង់បាត់បង់ Declan នោះទេ»៕
ប្រភព៖ Daily Mail