ម្ចាស់ផ្ទះបឹងកេត បានយកឈ្នះនគរបាលជាតិ ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ សប្តាហ៍ទី១០ នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា នាកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ រសៀលនេះ។
២គ្រាប់របស់បឹងកេតធ្វើបាននៅក្នុងវគ្គទី១ទាំងអស់ដោយខ្សែប្រយុទ្ធម៉ាត់ នូរុណ នាទី៣១ ដែលជាការបញ្ចូនបាល់របស់ សាន គីមហេង និងខ្សែបម្រើ Kenta នាទី៣៥ ដែលជាការបញ្ចូលបាល់របស់ ចាន់ វឌ្ឍនាកា។
គួរបញ្ជាក់ខ្សែបម្រើវ័យក្មេង សាន គីមហេង បានជាប់ជម្រើស១១នាក់លើកដំបូងក្រោមការដឹកនាំរបស់លោកគ្រូ គីម ភក្ដី ទល់នឹងនគរបាលជាតិ ក្រោយផ្លាស់ពីវិសាខាតាំងពីរដូវកាលមុន។
ក្រោយចប់ការប្រកួតបឹងកេតកាន់ ១៨ ពិន្ទុពីការប្រកួត ៩ លើកក្នុងដៃរដូវកាលនេះ។ ក្រុមការពារតំណែងជើងឯក ចាញ់ក្រុមកំពូលតារាងអង្គរថាយហ្គឺរ ត្រឹម ពីរពិន្ទុប៉ុណ្ណោះ ខណៈដែលនៅសល់ ១ ប្រកួតក្នុងដៃ។
រូបថត៖ Metfone Cambodian League