ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបញ្ចូលទីបាន២គ្រាប់ រួមចំណែកជួយឱ្យក្រុម FC Bayern Munich ឈ្នះ Borussia Dortmund ៣-១ លើកពាន German Super Cup បានសម្រេចជាថ្មី កាលពីយប់មិញ។
Lewandowski ស៊ុតឱ្យ Bayern នាំមុខមុន នៅមុនចប់តង់ទី១ មុនពេល Thomas Muller ថែមគ្រាប់ទី២ នៅដើមតង់ទី២។ Marco Reus បានស៊ុតឱ្យម្ចាស់ផ្ទះបាន១គ្រាប់វិញ នៅនាទី៦៤ ប៉ុន្តែត្រូវខ្សែប្រយុទ្ធ Lewandowski ស៊ុតគ្រាប់ទី៣ នៅ១០នាទីបន្ទាប់ ដែលជាគ្រាប់បាល់ទី២៤ ស៊ុតទៅលើក្រុមចាស់របស់គេ។
កីឡាករជម្រើសជាតិប៉ូឡូញ បានចំណាយពេល៤ឆ្នាំនៅក្រុម Dortmund ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ German Super Cup គឺជាពានរង្វាន់មួយ សម្រាប់ប្រកួតរវាងក្រុមជើងឯក Bundesliga ដែល Bayern បន្តឈ្នះជាកំណត់ត្រា ៩ដងជាប់ៗគ្នាកាលពីឆ្នាំមុន ទល់នឹងក្រុមជើងឯក DFB-Pokal ៕
ប្រភព៖ BBC