ស្របពេលដែល Barcelona កំពុងផ្តោតអារម្មណ៍លើការប្រកួត La Liga បន្ទាប់ ដែលត្រូវប៉ះ Athletic Club នោះ ពួកគេប្រហែលជាត្រូវគ្មានខ្សែការពារឆ្នើម Gerard Pique បន្ទាប់ពីកីឡាកររូបនេះ មានបញ្ហាខ្លះៗ ក្រោយការប្រកួតបើកឆាកឈ្នះលើ Real Sociedad។
អំឡុងការប្រកួតនោះ Pique បានចាកចេញពីទីលានជាមួយនឹងការឈឺចាប់កំភួនជើង។ ក្រុមវេជ្ជបណ្ឌិតប្រចាំក្លិប បានផ្តល់ជាអនុសាសន៍ណែនាំថា កីឡាករវ័យ៣៤ឆ្នាំ គួរតែសម្រាកពីការប្រកួតចុងសប្តាហ៍នេះ និងផ្តោតលើការព្យាបាលឱ្យជាសះស្បើយ ១០០%សិន។
គួររំលឹកថា Pique បានអវត្តមានជាច្រើនប្រកួតកាលរដូវកាល២០២០-២០២១ ដោយសារបញ្ហារបួស។ ដូច្នេះការសម្រាកឱ្យជាសិន គឺជាជម្រើសល្អបំផុត ជៀសវាងមានបញ្ហាកាន់តែខ្លាំង។ អ្នកចាត់ការ Ronald Koeman អាចនឹងជ្រើសរើសកីឡាករម្នាក់ក្នុងចំណោម Ronald Araujo, Clement Lenglet និង Eric Garcia ដើម្បីជំនួសតំណែងនេះបណ្តោះអាសន្ន៕
ប្រភព៖ Marca