ទោះចាញ់ ក៏ Pacquiao ចាត់ទុក Ugas ជាដៃគូស្រួលបំផុតម្នាក់

ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao បាន​បរាជ័យ​ក្រោម​កណ្តាប់​ដៃ​អ្នក​ប្រដាល់​រឹង​ដូច​ថ្មរបស់​គុយបា Yordenis Ugas ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​កាល​ពី​ថ្ងៃ​​ទី​២១ ខែ​សីហា​កន្លង​ទៅ​នេះ​ថ្មី។

(Yordenis Ugas vs Manny Pacquiao)

បន្ទាប់​ពី​តស៊ូ​គ្នា​ពេញ​១២​ទឹក ខ្លា​ចាស់​កំពូល​ល្បិច​វ័យ​៤២​​ឆ្នាំ​របស់​ហ្វីលីពីន​ត្រូវ​បាន​ចៅ​ក្រម​ទាំង​បី​រូប​កាត់​សេចក្តី​ឲ្យ​ចាញ់​ពិន្ទុ​ជា​ឯកច្ឆន្ទ​កីឡាករ​គុយ​បា​អាយុ​៣៥​ឆ្នាំ Yordenis Ugas ដើម្បី​រក្សា​ខ្សែ​ក្រវាត់​ពិភព​លោក​ WBC របស់​ខ្លួន​បាន​ជោគជ័យ។

( Manny Pacquiao vs Yordenis Ugas)

ក្រោយ​ការ​ប្រកួត អ្នក​ប្រដាល់​គុយបា Yordenis Ugas បាន​និយាយ​ថា Manny Pacquiao នៅ​តែ​ជា​វីរបុរស​ក្នុង​ពិភព​ប្រដាល់​សកល និង​គួរ​ឲ្យ​គោរព។

(Yordenis Ugas vs Manny Pacquiao)

ចំណែក​ជើង​ខ្លាំង​ទ្វីប​អាស៊ី​វិញ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជុំ​វិញ​អនាគត​អាជីព​ប្រដាល់​របស់​លោក។ ក្រោយ​ពេល​ប្រកួត​ចាញ់ Pacquiao បាន​និយាយ​ថា លោក​សប្បាយ​ចិត្ត​នឹង​អាជីព​ប្រដាល់​ពេញ​មួយ​ជីវិត​ហើយ។ លោក​មិន​​​ច្បាស់​ទេ​ថា​តើ​ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​លោក ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ត្រូវ​ការ​ពេល​សម្រាក​មុន​ពេល​សម្រេច​ចិត្ត។

(Yordenis Ugas vs Manny Pacquiao)

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ចុង​ក្រោយ​នេះ​គឺ Manny Pacquiao បាន​ចាត់​ទុក​អ្នក​ប្រដាល់​ដែល​លោក​ចាញ់​ Yordenis Ugas​ ជា​ដៃ​គូ​ដែលស្រួល​បំផុត​ម្នាក់​ក្នុង​ចំណោម​ដៃ​គូ​ដែល​ស្រួល។

តាម​ការ​ផ្សាយ​របស់​ Boxinginsider កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ខែ​សីហា វីរបុរស​ហ្វីលីពីន Manny Pacquiao បាន​និយាយ​ថា ៖«ក្នុង​មួយ​​អាជីព​ប្រដាល់​របស់​ខ្ញុំ កីឡាករ Ugas ជា​ដៃ​គូ​ងាយ​ស្រួល​​ម្នាក់​ក្នុង​ចំណោម​ដៃ​គូ​ស្រួលៗបំផុត។ គាត់​មាន​​ស្ទីល​តែ​មួយ​គត់ ហើយ​ខ្ញុំ​គួរ​តែ​ផ្លាស់​ទី​ចេញ​បាន​យ៉ាង​ស្រួល។ អ្នក​​ធ្លាប់​ឃើញ​ហើយ​ការ​ផ្លាស់​ទី​របស់​ខ្ញុំ​ក្នុង​ការ​ប្រកួត​មុនៗ។ ការ​ប្រកួត​នេះ ខ្ញុំ​មិន​អាច​បំលាស់​ទី​បាន​លឿន​ទេ។ ជើង​របស់​ខ្ញុំ​ដូច​ជា–ឈប់»៕

(Manny Pacquiao vs Yordenis Ugas)

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH