Ole Gunnar Solskjær អ្នកចាត់ការក្រុម Manchester United រំពឹងថាក្រុមរបស់លោក នឹងធ្វើបានល្អនៅ UEFA Champions League រដូវកាលនេះ បន្ទាប់ពីមានវត្តមានតារាឆ្នើមៗជើងចាស់ដូចជា Cristiano Ronaldo និង Raphaël Varane។
Man Utd ចាប់ផ្តើមប្រកួត UEFA Champions League ដោយត្រូវធ្វើដំណើរទៅប៉ះ Young Boys ក្នុងការប្រកួតជម្រុះពូល F នៅយប់ថ្ងៃអង្គារនេះ។ រដូវកាលមុន បិសាចក្រហមធ្លាក់ត្រឹមវគ្គចែកពូលប៉ុណ្ណោះ ទោះបីជាឈ្នះ២ប្រកួតដំបូងក៏ដោយ។ ទោះយ៉ាងណា ការមកដល់របស់ Ronaldo, Varane និង Jadon Sancho ធ្វើឱ្យលោក Solskjær រំពឹងខ្ពស់។
“ជាមួយនឹងកីឡាករយើងនាំចូលបន្ថែម ពិតជាងាយស្រួលក្នុងការផ្លាស់ប្តូរគ្នាចូលលេង។ ប្រាកដណាស់ ខ្ញុំបានប្រាប់ដល់ក្រុមថា ខ្ញុំពិតជាជឿជាក់លើសមាជិកក្រុមទាំងអស់។ ជាមួយនឹងកីឡាករដូចជា David de Gea, Harry Maguire ដែលនៅទីនេះពីរបីឆ្នាំហើយ បូករួមទាំងកីឡាករមានបទពិសោធន៍ និងគុណភាពខ្ពស់ដូចជា Ronaldo និង Varane..ប្រាកដណាស់ យើងនឹងអាចរៀនសូត្រ ហើយក្រុមពិតជាពិសេស រួបរួមគ្នាតែមួយ”៕
ប្រភព៖ TheGuardian