ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ត្រឹមវគ្គ៣២ក្រុម បន្ទាប់ពីចាញ់ West Ham ១-០ នៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ។
ខ្សែបម្រើ Manuel Lanzini ជាអ្នករកគ្រាប់ជ័យជម្នះឱ្យ West Ham តាំងពីនាទីទី៩ និងជាការសងសឹកបានសម្រេចរបស់ពួកគេ បន្ទាប់ពីចុងសប្តាហ៍កន្លងទៅពួកគេចាញ់ Man Utd ២-១ នៅ Premier League។ នេះជាជ័យជម្នះលើ Man Utd នៅ Old Trafford ជាលើកដំបូងសម្រាប់ West Ham គិតតាំងពី Carlos Tevez ស៊ុតគ្រាប់ជ័យជម្នះកាលឆ្នាំ២០០៧ នៅ Premier League។
សម្រាប់ Man Utd និងអ្នកចាត់ការ Ole Gunnar Solskjaer គឺជាការបញ្ចប់ក្តីសង្ឃឹមចង់ឈ្នះពានជាលើកដំបូងឱ្យបានឆាប់នៅរដូវកាលនេះ បន្ទាប់ពីខកខានឈ្នះពានតាំងពីឆ្នាំ២០១៧។ សម្ពាធបានធ្លាក់ទៅលើអ្នកចាត់ការ Solskjaer ជាថ្មី បន្ទាប់ពីសប្តាហ៍មុនពួកគេក៏បានចាញ់ក្រុម Young Boys នៅ UEFA Champions League ផងដែរ៕
ប្រភព៖ BBC